ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាអ្នកអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានមោទនភាពជាខ្លាំង សូមប្រកាសពីព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរផ្លូវអភិវឌ្ឍន៍របស់ខ្លួន។ ពោលគឺ ចំនួនបុគ្គលិក កម្មករសរុប ដែលកំពុងបម្រើការងារក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីររបស់យើងខ្ញុំ គឺតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និង រ៉ូយ៉ាល់ គ្រុប កណ្តាល ដែលតភ្ជាប់គ្នាដោយស្ពានថ្មីមួយ គឺបានកើនឡើងលើស ៥០,០០០ (ប្រាំម៉ឺន) នាក់ហើយ ដែលការណ៍នេះបានសរបញ្ជាក់ឲ្យឃើញ ពីតួនាទីយ៉ាងសំខាន់របស់តំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំ ក្នុងការជំរុញការបង្កើត ឱកាសការងារ និងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។
គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានទទួលបុគ្គលិកកម្មករឲ្យចូលបម្រើ ការងារចំនួន ៤៨,៧៣០រូប រីឯខាងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ដែលអភិវឌ្ឍដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កណ្តាល អេសអ៊ីហ្សិត ឯ.ក បុត្រសម្ព័ន្ធទាំងស្រុងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក វិញនោះ គឺកំពុងទទួល កម្មករចំនួន ២,០១៦រូប សរុបទាំងអស់គឺចំនួន ៥០,៧៤៦រូប។ លើសពីនេះទៅទៀត មានបុគ្គលិកជំនាញជាជនជាតិបរទេស ៨០២រូប ផ្សេងទៀត ដែលមកពីបណ្តាប្រទេសចំនួន១៣ ក៏បានមកបម្រើការងារក្នុងតំបន់យើងខ្ញុំដែរ។ ក្នុងចំណោមនោះ តួលេខ ឈានមុខគេគឺបុគ្គលិកមកពីប្រទេសចិន ចំនួន៥៧៧រូប តដោយប្រទេសជប៉ុនចំនួន១០៩រូប ប្រទេសវៀតណាមចំនួន៤០រូប ប្រទេសថៃចំនួន៣៤រូប និងប្រទេសម៉ាឡេស៊ីចំនួន១៥រូប ជាដើម។ តួលេខទាំងអស់នេះ ឆ្លុះបញ្ចាំងពីវត្តមានដ៏សំខាន់របស់ តំបន់សេដ្ឋកិច្ចពិសេសទាំងពីរលើឆាកអន្តរជាតិ និង ការប្រមូលផ្តុំនូវចំណេះជំនាញពីគ្រប់ទិសទី ចូលរួមចំណែកដល់ការអភិវឌ្ឍ របស់តំបន់ទាំងពីរនេះផងដែរ។
សមិទ្ធិផលដ៏ធំធេងនេះ ក៏បានបង្ហាញពីការរីកចម្រើនដ៏ខ្លាំងរបស់តំបន់សេដ្ឋកិច្ចពិសេសទាំងពីរក្នុងនាមជា គោលដៅ វិនិយោគឈានមុខគេនៅកម្ពុជា។ នាពេលបច្ចុប្បន្ននេះ តំបន់ទាំងពីរទទួលបានការវិនិយោគពីសំណាក់ ១១៧ក្រុមហ៊ុន មកពី ១៤ប្រទេសជុំវិញពិភពលោក ដែលបានពាំនាំនូវការវិនិយោគលើវិស័យផលិតកម្ម មានដូចជា ការតម្លើងរថយន្ត និងផលិតគ្រឿង បន្លាស់នានា គ្រឿងអគ្គិសនី និងអេឡិកត្រូនិក សម្លៀកបំពាក់ ចំណីអាហារនិងភេសជ្ជៈ និងឧបករណ៍សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ជាដើម។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥នេះ ទំហំនាំចេញពីតំបន់របស់យើងបានឈានដល់ ៤៣១លានដុល្លារអាមេរិក ដែលកើនឡើងគួរឲ្យកត់សម្គាល់ ៨.៦% បើធៀបនឹង ៣៩៧លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងរយៈពេលកន្លង ទៅនៃការអភិវឌ្ឍរបស់យើង តំបន់សេដ្ឋកិច្ចពិសេសរបស់យើងខ្ញុំបានប្រែក្លាយទៅជាក្បាលម៉ាស៊ីនដ៏សំខាន់មួយនៃការបង្កើត ឱកាសការងារ និងការផ្លាស់ប្តូរវិស័យឧស្សាហកម្ម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានសេចក្តីសោមន្សរីករាយ ជាខ្លាំងដែលបានដឹកនាំ ការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលនាំឲ្យជីវភាពរស់នៅរបស់បងប្អូនកម្មករ កម្មការិនី និងក្រុម គ្រួសារពួកគាត់មានភាពល្អប្រសើរឡើង និងនាំឲ្យវិស័យឧស្សាហកម្មកាន់តែមានពិពិធកម្មថែមមួយកម្រិតទៀត។
យើងខ្ញុំក៏មិនដែលបំភ្លេចនូវគុណូប្បការៈនៃសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេស និងការដឹកនាំដ៏មានចក្ខុ វិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតឡើងនូវបរិយាកាសវិនិយោគមួយ ដែលអំណោយ ផលល្អ ដល់ការវិនិយោគគ្រប់វិស័យ។ ក្នុងនាមយើងខ្ញុំជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស យើងខ្ញុំនៅតែមានការតាំងចិត្ត ដ៏មោះមុតក្នុងការផ្តល់នូវសេវាកម្មដែលមានគុណភាពខ្ពស់ជូនដល់ភ្ញៀវវិនិយោគរបស់យើងខ្ញុំ និងបន្តខិតខំ ចូលរួមចំណែក ក្នុងការបង្កើតឱកាសការងារ កាន់តែច្រើនថែមទៀតជូនដល់ប្រជាជនខ្មែរយើង។ ទាំងអស់នេះ គឺជាសមិទ្ធិផលដ៏ខ្ពង់ខ្ពស់ និងជា ប្រភពនៃកម្លាំងចិត្ត និងមោទនភាព របស់យើងខ្ញុំ។
អំពី រ៉ូយ៉ាល់ គ្រុប
រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន អាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មជាច្រើនរួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល និងតំបន់សេដ្ឋកិច្ចពិសេស។